នៅក្នុងសាររបស់ឯកឧត្តម អេនតូនីញ៉ូ ហ្គូតេរេសស៍ (Antonio Guterres) តាមរយៈលោកជំទាវ អាមីដា សាល់ស៊ីអាហ៍ អាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UN-ESCAP តំណាងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដែលបានថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយគ្មានមីន ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ប្រទេសកម្ពុជាបានគូសបញ្ជាក់ថា តាមរយៈការចែករំលែកបទពិសោធន៍របស់ប្រទេសកម្ពុជា និងការចូលរួមចំណែករបស់អ្នកជំនាញដោះមីននៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កម្ពុជាកំពុងបង្ហាញពីរបៀបដែលសកម្មភាពមីនអាចកសាងសន្តិភាពយូរអង្វែង។
លោកជំទាវអគ្គលេខាធិការរងបានលើកឡើងថា៖ «ខ្ញុំសូមអបអរសាទរសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រជាជនកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ និងសម្រាប់វឌ្ឍនភាពនៃការបំផុសគំនិតរបស់ប្រទេសកម្ពុជាក្នុងការលុបបំបាត់ការគំរាមកំហែងដ៏រាលដាលនេះ»។
លោកជំទាវអគ្គលេខាធិការរងក៏បានបញ្ជាក់ឱ្យដឹងផងដែរថា មីនប្រឆាំងមនុស្សជាតិជាតំណាងឱ្យគ្រោះថ្នាក់ដ៏ច្បាស់មួយសម្រាប់ជនស៊ីវិល សូម្បីតែបន្ទាប់ពីការប្រយុទ្ធគ្នាបានបញ្ឈប់ក៏ដោយ ក៏អាវុធដ៏គួរឱ្យរន្ធត់ និងមិនចេះរើសអើងទាំងនេះនៅតែអាចនៅមានដដែល ដោយធ្វើឱ្យមនុស្សជំនាន់ក្រោយមានការភ័យខ្លាច។
លោកជំទាវអគ្គលេខាធិការរងអង្គការសហប្រជាជាតិក៏បានបញ្ជាក់ឱ្យដឹងទៀតថា អនុសញ្ញាអូតាវ៉ាជាការត្រួសត្រាយផ្លូវដែលកំពុងត្រូវបានពិភាក្សានៅថ្ងៃនេះ ដែលតំណាងឱ្យការប្តេជ្ញាចិត្តដ៏ឧឡារិករបស់យើងក្នុងការបញ្ចប់កេរ្តិ៍ដំណែលនៃការបំផ្លិចបំផ្លាញពីគ្រាប់មីន។ អស់រយៈពេល ២៥ឆ្នាំមកនេះ វាបានជំរុញឱ្យមានការរីកចម្រើនដ៏សំខាន់ ដោយឧបករណ៍ប្រឆាំងមនុស្សជាតិជាង ៥៥លានគ្រាប់ត្រូវបានបំផ្លាញនៅលើផ្ទៃដីទំហំ ១៣ ០០០ គីឡូម៉ែត្រក្រឡានៅក្នុងប្រទេសជាង ៦០ ហើយមនុស្សរាប់ពាន់នាក់បានទទួលការអប់រំការយល់ដឹងអំពីការសង្គ្រោះជីវិត និងសេវាកម្មជំនួយជនរងគ្រោះ។ ប៉ុន្តែការគំរាមកំហែងនៅតែមាន ដែលរួមបញ្ចូលទាំងការប្រើប្រាស់ជាថ្មីនៃគ្រាប់មីនប្រឆាំងមនុស្សជាតិដោយភាគីមួយចំនួននៃអនុសញ្ញានេះ ក៏ដូចជាភាគីមួយចំនួនដែលនៅពីក្រោយការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបំផ្លាញអាវុធទាំងនេះ។ យើងត្រូវបញ្ចប់ការងារ និងប្រែក្លាយការប្តេជ្ញាចិត្តឱ្យក្លាយជាការពិត។ នេះបើយោងតាមការលើកឡើងដោយសង្កត់ធ្ងន់នៅក្នុងសាររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនោះ។
លោកជំទាវ Armida Salsiah Alisjahbana បានគូសបញ្ជាក់បន្ថែមថា៖ «ខ្ញុំសូមអំពាវនាវឱ្យរដ្ឋភាគីទាំងអស់បំពេញកាតព្វកិច្ចរបស់ពួកគេ និងធានាឱ្យមានការអនុលោមតាមអនុសញ្ញា ខណៈដែលកំពុងការដោះស្រាយផលប៉ះពាល់មនុស្សធម៌ និងការអភិវឌ្ឍតាមរយៈជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។ ខ្ញុំក៏សូមលើកទឹកចិត្តរដ្ឋទាំងអស់ដែលមិនទាន់បានចូលរួមជាមួយអនុសញ្ញាឱ្យចូលរួមជាមួយរដ្ឋចំនួន១៦៤ នាពេលនេះ បើមិនដូច្នេះទេ ពិភពលោកដែលគ្មានមីនប្រឆាំងមនុស្សជាតិនឹងមិនអាចទៅរួចនោះទេ»។
ជាមួយគ្នានេះដែរ ក្នុងសន្និសីទពិនិត្យមើលឡើងវិញលើកទី៥ និងផែនការសកម្មភាពខេត្តសៀមរាបនាពេលនេះ តំណាងឱ្យជំហានដ៏សំខាន់មួយក្នុងការសម្រេចបាននូវចក្ខុវិស័យពិភពលោកមួយគ្មានមីន និងធានាឱ្យប្រជាជនទាំងអស់អាចរស់នៅប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹម៕
ប្រភព៖ ក្រសួងព័ត៌មាន