លោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងថា ស្ថានទូតតួកគីប្រចាំកម្ពុជាគ្រោងនឹងរៀបចំពិពណ៌រូបភាពឯកសារ និងរូបភាព នៃសកម្មភាពទំនាក់ទំនងរវាងប្រទេសទាំងពីរចាប់តាំងពីឆ្នាំ១៩៥៩មក ដើម្បីចូលរួមអបអរខួបអនុស្សាវរីយ៍លើកទី៦៥នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នេះបើតាមការឱ្យដឹង បន្ទាប់ពីឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងក្តីសប្បាយរីករាយដែលបានជួបជាមួយលោកជំទាវឯកអគ្គរដ្ឋទូត ជាលើកដំបូងក្នុងនាមជាអនុប្រធានទី១ ព្រឹទ្ធសភា។ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងការអបអរសាទរជូនចំពោះឯកឧត្តម ប្រាក់ សុខុន ដែលត្រូវបានជាប់ឆ្នោតជាអនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបានជូនពរឱ្យឯកឧត្តមទទួលបានជោគជ័យធំៗបន្ថែមទៀតក្នុងមុខតំណែងថ្មីនេះ។ឆ្លៀតក្នុងឱកាសនេះលោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុថ្មីៗនេះ ដែលបណ្តាលឱ្យមានការបាត់បង់អាយុជីវិតនាយទាហាន និងពលទាហានរបស់កម្ពុជាមួយចំនួននិងសូមបន់ស្រន់ឱ្យអ្នកដែលរងរបួសឆាប់បានជាសះស្បើយឡើងវិញ។ លោកជំទាវឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ព្រឹទ្ធសភាមានថ្នាក់ដឹកនាំសុទ្ធតែមានសមត្ថភាព និងបទពិសោធន៍យ៉ាងច្រើនក្នុងការដឹកនាំនយោបាយការបរទេស និងការទូតសភា ជាពិសេសឯកឧត្តម ប្រាក់ សុខុន ផ្ទាល់ និងសហការី ដែលកន្លងមកបានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងនិងពង្រីកចំណងទាក់ទងរវាងប្រទេសទាំងពីរ ដែលក្នុងនោះលោកជំទាវ បានកត់សម្គាល់ថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិបត្តិការរវាងតួកគីនិងកម្ពុជា បានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា ប្រទេសទាំងពីរកម្ពុជានិងតួកគីមានទំនាក់ទំនងយ៉ាងល្អ និងជិតស្និទ្ធជាមួយគ្នា។ឯកឧត្តមក៏បានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះលទ្ធផលនៃជំនួបពិភាក្សាការងាររវាងលោកជំទាវឯកអគ្គរដ្ឋទូត ជាមួយសម្តេចអគ្គមហាសេនាបតីតេជោប្រធានព្រឹទ្ធសភា និងជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធអនុប្រធានទី២ព្រឹទ្ធសភា ដែលជំនួបទាំងពីរនេះបានរួមចំណែកបន្ថែមទៀតដល់ការពង្រឹងទំនាក់ទំនងការទូតនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីគោលដៅអាទិភាពរបស់សម្តេចតេជោក្នុងនាមជាប្រធានព្រឹទ្ធសភា គឺសម្តេចចង់ប្រែក្លាយស្ថាប័នព្រឹទ្ធសភាឱ្យក្លាយជាសភាការទូតដ៏សកម្ម។ ឆ្នាំនេះជាខួបអនុស្សាវរីយ៍លើកទី៦៥នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឯកឧត្តមសង្ឈឹមថាស្ថាប័ននីតិប្បញ្ញត្តិទាំងពីរកម្ពុជា-តួកគីនឹងមានសកម្មភាពផ្សេងៗ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍នេះ។
ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបឯកឧត្តមអនុប្រធានទី១ ថា ស្ថានទូតតួកគីប្រចាំកម្ពុជាគ្រោងនឹងរៀបចំពិព័រណ៌រូបភាពឯកសារ និងរូបភាពនៃសកម្មភាពទំនាក់ទំនងរវាងប្រទេសទាំងពីរចាប់តាំងពីឆ្នាំ១៩៥៩មក ដើម្បីចូលរួមអបអរខួបអនុស្សាវរីយ៍លើកទី៦៥នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។ លោកជំទាវឯកអគ្គរដ្ឋទូតបានសម្តែងនូវការពេញចិត្តនិងអំណរសាទរ ចំពោះការបើកការិយាល័យពាណិជ្ជកម្ម និងមជ្ឈមណ្ឌលវប្បធម៌តួកគីនៅកម្ពុជា។ ម្យ៉ាងទៀតនាពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines គ្រោងនឹងបើកដំណើរការជើងហោះហើរត្រង់ពីតួកគី មកកម្ពុជា។ លោកជំទាវសង្ឃឹមថាជើងហោះហើរនេះ នឹងជួយឱ្យការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរកាន់តែមានភាពងាយស្រួល និងពង្រីកកំណើនទេសចរណ៍រវាងប្រទេសទាំងពីរបន្ថែមទៀត។ លោកជំទាវក៏បានសម្តែងការអរគុណចំពោះសភាកម្ពុជា ដែលបានគាំទ្រតួកគីចូលជាអ្នកសង្កេតការណ៍របស់អាយប៉ាកន្លងមក។ ជាមួយគ្នានេះ លោកជំទាវ បានស្នើសុំកម្ពុជាគាំទ្រតួកគីជាដៃគូពិភាក្សា (Dialogue Partner) របស់អាស៊ាន និងគាំទ្រគំនិតផ្តួចផ្តើមរបស់មូលនិធិMaarif Foundation នៅក្នុងការរួមចំណែកអភិវឌ្ឍស័យអប់រំនៅកម្ពុជា។Maarif Foundation គឺជាមូលនិធិមិនសំដៅប្រាក់ចំណេញដែលយកចិត្តទុកដាក់លើការកសាងគ្រឹះស្ថានអប់រំនៅបរទេស ហើយមូលនិធិនេះក៏មានការផ្តល់អាហាររូបករណ៍តាមសកលវិទ្យាល័យផងដែរ។
ឯកឧត្តម ប្រាក់ សុខុន បានជម្រាបលោកជំទាវថា កម្ពុជាស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់មូលនិធិ Maarif និងគាំទ្រប្រទេសតួកគីជាដៃគូពិភាក្សារបស់អាស៊ាន និងបានសម្តែងការជឿជាក់ថា ឯកឧត្តមប្រធានសភាតួកគីនឹងអញ្ជើញចូលរួមវេទិកាអត់ឱន និងសន្តិភាព និងមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិគណបក្សនយោបាយអាស៊ី (ICAPP) ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនៅកម្ពុជា តាមការអញ្ជើញរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា។
ប្រភព៖ ក្រសួងព័ត៌មាន