«ស្វែងយល់អំពីកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ក្នុងយុគសម័យថ្មី»
សំណួរទី១៖ យើងឃើញថានៅក្នុងឆ្នាំ២០២៣ គឺឆ្នាំនៃការប្រារព្ធពិធីខួបលើកទី៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន។ ហើយថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរក៏បានកំណត់ និងយកឆ្នាំ២០២៤នេះផ្ទាល់គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ហើយស្របពេលជាមួយគ្នានេះ កម្ពុជាចិនក៏បានប្តេជ្ញាចិត្តនៅក្នុងការពង្រឹងបន្ថែមនៅលើក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីធ្វើយ៉ាងណាឱ្យកាន់តែមានភាពប្រសើរឡើងនៅទំណាក់ទំនងទ្វេភាគី និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍ជោគវាសនារួមរបស់កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី។ ជាបឋម សូមឱ្យកញ្ញាជួយរំលេចបន្ថែមបន្តិចបានទេថា តើអ្វីទៅជាកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលជាភាសាអង់គ្លេសហៅថា Diamond Hexagon Cooperation?
កញ្ញា ស៊ុន ម៉ូលីកា: ចាស អរគុណ! ជាសាវតា កិច្ចសហប្រតិបត្តិការត្បូងពេជ្រនេះកើតឡើងនៅពេលដែលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។ នៅក្នុងដំណើរទស្សនកិច្ចនោះលោកបានជួបជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង របស់សាធារណរដ្ឋប្រជាមានិតចិន ហើយថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីការបង្កើតសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងបានប្រកាសដាក់ឱ្យដំណើរការឆ្នាំមិត្តភាពកម្ពុជាចិន ដើម្បីរំលឹកខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាការងារលើចំណុចជាច្រើន និងបានឯកភាពគ្នាផងដែរក្នុងការនង្កើនកិច្ចសហប្រតិបត្តិការរួមមួយនេះ។
សំណួរទី២៖ ជាបន្ទាប់កិច្ចសហប្រតិបត្តិការត្បូងពេជ្រនេះមានការពិភាក្សាដោយផ្តោតសំខាន់ទៅលើវិស័យអ្វីខ្លះ? ហើយការពង្រឹងកិច្ចសហប្រតិបត្តិការនេះអាចនឹងហុចផលអ្វីខ្លះដល់កម្ពុជា-ចិន នៅក្នុងការអភិវឌ្ឍន៍ជារួម?
កញ្ញា ស៊ុន ម៉ូលីកា: ចំពោះកិច្ចសហប្រតិបត្តិការត្បូងពេជ្រនេះ គឺផ្តោតសំខាន់ទៅលើវិស័យធំៗចំនួន៦ មានដូចជា៖ (១) វិស័យនយោបាយ, (២) វិស័យផលិតកម្ម, (៣) វិស័យកសិកម្ម, (៤) វិស័យថាមពល, (៥) វិស័យសន្តិសុខ និង (៦) ការផ្លាស់ប្តូររវាងប្រជាជនទាំងពីរ។ ចំពោះផលប្រយោជន៍ដែលកម្ពុជា និងចិនអាចទទួលបានពីកិច្ចសហប្រតិបត្តិការនេះគឺមានទំហំធំ ដូច្នេះហើយនាងខ្ញុំសូមធ្វើការបកស្រាយដោយផ្តោតលើទិដ្ឋភាពសំខាន់បីគឺ៖
• ទិដ្ឋភាពនយោបាយ៖ កម្ពុជានឹងទទួលបានការបន្តការគាំទ្ររបស់មិត្តចិន នៅក្នុងនយោបាយផ្ទៃក្នុងរប់កម្ពុជា។ ជាក់ស្តែង នៅក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីខែមករា ឆ្នាំ២០២៣កន្លងទៅនេះ យើងឃើញថាប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ និងគាំទ្រលទ្ធផលនៃការបោះឆ្នោត អំពីភាពត្រឹមត្រូវ និងយុត្តិធម៌ និងសេរីនៅក្នុងការបោះឆ្នោតថ្នាក់ជាតិរបស់ប្រទេសកម្ពុជាយើង។
• ទិដ្ឋភាពសេដ្ឋកិច្ច៖ កម្ពុជានឹងទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីវិស័យបីសំខាន់គឺ វិស័យផលិតកម្ម, វិស័យកសិកម្ម និងវិស័យថាមពល។
• ទិដ្ឋភាពសង្គម៖ នាងខ្ញុំមើលឃើញនូវផលចំណេញពីរយ៉ាងគឺ ផ្នែកសន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ចំពោះផ្នែកសន្តិសុខ គឺយើងទទួលបានបន្តនូវការគាំទ្រពីខាងប្រទេសចិនទៅលើការកសាងសមត្ថភាពនៅក្នុងវិស័យការពារជាតិរបស់ប្រទេសកម្ពុជាយើង។ ចំពោះការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន វាអាចកើតឡើងនៅក្នុងរូបភាពពីរគឺ លំហូរចូលនៃទេសចរណ៍ជនជាតិចិនកាន់តែច្រើន និងការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនកាន់តែច្រើនសម្រាប់សិស្ស និស្សិតរបស់ខ្មែរយើង ដែលពួកគាត់នឹងក្លាយទៅជាធនធានមនុស្សក្នុងការជួយអភិវឌ្ឍន៍សង្គមជាត់យើង។
ទាំងនេះគឺជាផលប្រយោជន៍ដែលកម្ពុជាអាចនឹងទទួលបាន។ ចំពោះខាងភាគីចិនវិញក៏មិនសូវខុសគ្នាប៉ុន្មានដែរ ដូចជា៖
• ទិដ្ឋភាពនយោបាយ៖ ចិននឹងទទួលបានការគាំទ្រពីកម្ពុជាវិញ ចំពោះគោលនយោបាយផ្ទៃក្នុងរបស់ខ្លួន តាមរយៈគោលនយោបាយ “ចិនតែមួយ” ក៏ដូចជាតាមរយៈគំនិតផ្តួចផ្តើមដែលចិនបានដាក់ចេញ ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ, គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល, គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលជាដើម។
• ទិដ្ឋភាពសេដ្ឋកិច្ច៖ ចិននឹងបន្តទទួលបាននូវផលចំណេញតាមរយៈការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយនឹងកម្ពុជា ក៏ដូចជាការវិនិយោគរបស់វិនិយោគិនចិននៅប្រទេសកម្ពុជា។ ជាក់ស្តែង នៅក្នុងវិស័យរោងចក្រកាត់ដេរ ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចមួយរបស់កម្ពុជាយើង ហើយយើងឃើញថាភាគច្រើននៃការវិនិយោគហ្នឹងគឺបានមកពីវិនិយោគិនចិន។ នៅក្នុងពេលថ្មីៗនេះផងដែរ ខាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកក៏បានចេញជារបាយការណ៍មួយដែលបង្ហាញថាប្រភពនៃវិនិយោគិនបរទេសនៅកម្ពុជា គឺភាគច្រើនទទួលបានពីប្រទេសចិន។ តាមរយៈកិច្ចព្រមព្រៀងនេះ គឺផ្តល់ឱកាសងាយស្រួលបន្ថែមទៀតឱ្យវិនិយោគិនចិនគាត់មកបណ្តាក់ទុន ដើម្បីទទួលបានផលចំណេញខាងផ្នែកសេដ្ឋកិច្ច ក្នុងការរកស៊ីរបស់គាត់នៅប្រទេសកម្ពុជា។
• ទិដ្ឋភាពសង្គម៖ នាងខ្ញុំអាចនិយាយថាគឺជាអំណាចទន់ ដោយសារតែនៅពេលដែលប្រជាជនរបស់ប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ប្រជាជនខ្មែរយើងគឺអាចស្វែងយល់ពី វប្បធម៌ អរិយធម៌ ភាសា និងម្ហូបអាហាររបស់ប្រទេសចិនកាន់តែច្រើន ដែលនេះគឺផលចំណេញខាងអំណាចទន់ដល់ប្រទេសចិន។
សំណួរទី៣៖ ដោយឡែកយើងក៏បានកត់សម្គាល់ផងដែរចំពោះសមិទ្ធផលលេខធ្លោជាច្រើនក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនានារវាងកម្ពុជា និងចិនកន្លងមកក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលជាសមិទ្ធផលចេញជារូបរាង ដោយយើងឃើញមានការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏ដូចជាថ្មីៗនេះ ការដាក់សម្ពោធជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាដើម។ ភ្ជាប់ជាមួយគ្នានេះផងដែរ បើតាមទស្សនៈផ្ទាល់ តើកញ្ញាអាចវាយតម្លៃបានទេថា កិច្ចសហប្រតិបត្តិការត្បូងពេជ្រនឹងបំពេញបន្ថែមនូវគុណតម្លៃអ្វីខ្លះ ចំពោះទំនាក់ទំនងទ្វេភាគី ជាពិសេសគឺការកសាងនូវសមិទ្ធផលដែលរួមចំណែកដល់កម្ពុជា លើវិស័យអាទិភាពរបស់ខ្លួន?
កញ្ញា ស៊ុន ម៉ូលីកា: ចំពោះខ្ញុំ ខ្ញុំមើលឃើញថាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ វាប្រៀបបានទៅនឹងផែនទីចង្អុលផ្លូវដល់ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសយើងទាំងពីរ។ ដោយមូលហេតុថា ការពិតទៅទំនាក់ទំនងកម្ពុជា-ចិននេះ គឺយើងឈានដល់ដំណាក់កាលកំពូលហើយ បើនិយាយពីកម្រិតទំនាក់ទំនងការទូត យើងប្រើពាក្យថាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយយើងបានកសាងតាំងពីឆ្នាំ២០១០។ កិច្ចសហប្រតិបត្តិការត្បូងពេជ្រគឺប្រៀបបានទៅនឹងផែនទីចង្អុលផ្លូវថាកម្ពុជា-ចិន គួរពង្រឹងកិច្ចសហប្រតិបត្តិការ ឬ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយលើផ្នែកណាខ្លះ ដើម្បីឱ្យភាគីទាំងពីរទទួលបានផលចំណេញរាងៗខ្លួន។ យើងមើលឃើញថាកិច្ចសហប្រតិបត្តិការត្បូងពេជ្រនេះ គឺវាមានលក្ខណៈស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដោយសារតែវាបានផ្តោតទៅលើវិស័យនយោបាយផង សេដកិច្ចផង និងសង្គម។
——–
វាគ្មិន៖ កញ្ញា ស៊ុន មល្លីកា នាយករងមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកស្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ